Saturday, August 8, 2015

ដប់ឆ្នាំ

ពេលវេលាដើរទៅមុខដោយមិនរង់ចាំនរណាម្នាក់ឡើយ។ តែមួយពព្រិចភ្នែក ដប់ឆ្នាំអាចកន្លងផុតទៅបានយ៉ាងងាយ ទាំងយើងមិនដឹងខ្លួន។ អ្វីៗអាចក្លាយទៅជារឿងអតីតកាលដែលបានត្រឹមតែនឹកស្រម៉ៃ ឬស្តាយក្រោយ។

កាលពីដប់ឆ្នាំមុន អូនបានក្លាយជាសង្សាដំបូងរបស់បង។ បន្ទាប់ពីបានស្គាល់នួនល្អង បងរៀនចេះយល់ដឹងថា អ្វីទៅជាការស្រឡាញ់ អ្វីទៅជាការស្អប់ អ្វីទៅជាការឈឺចាប់ អ្វីទៅជាភាពអាត្មានិយម អ្វីទៅជាការលះបង់ អ្វីទៅជាការទួញសោក អ្វីទៅជាការកុហក ព្រមទាំងការយល់ដឹងជាច្រើនទៀតដែលបងពិបាកនឹងរៀបរាប់អស់។ មិនតែប៉ុណ្ណោះ អ្វីៗដែលបងបានរៀបរាប់ខាងលើគឺជាបទពិសោធលើកដំបូងរបស់បង និងជារបត់ជីវិតដំបូងរបស់បង។ បងបានវិវត្តចេញពីក្មេងម្នាក់ដែលមិនចេះខ្វាយខ្វល់ពីអ្នកដទៃទៅជា បុរសម្នាក់ដែលរៀនស្គាល់អារម្មណ៍អ្នកដទៃ និងអារម្មណ៍ខ្លួនឯង ។

បងទទួលស្គាល់នូវពាក្យមួយឃ្លាដែលបានលើកឡើងថា៖ "ស្នេហាគ្រាដំបូងជាសេ្នហាដែលដក់ជាប់ក្នុងចិត្តមនុស្សគ្រប់រូបជាងសេហ្នាបន្ទាប់។" បងអាចភ្លេចសង្សាបន្តបន្ទាប់របស់បង។ ប៉ុន្តែ បងមិនអាចលុបរូបអូនចេញពីការចងចាំរបស់បងបាន បើទោះបីជាបងខំប្រឹងប្រែងយ៉ាងណាក៏ដោយ បងនៅតែមិនអាចសម្រេចបាន។ រូបអូននៅតែផុសឡើងក្នុងខួរក្បាលរបស់បង។ ភត្រារបស់អូន ភ្នែករបស់អូន សំណើចរបស់អូន ទឹកភ្នែករបស់អូន បបូរមាត់របស់អូន ដៃរបស់អូន សក់ស្លូតខ្មៅរបស់អូន ចិញ្ចើមរបស់អូន ច្រមុះរបស់អូន ដំណើររបស់អូន នៅតែវិលវល់ក្នុងសតិអារម្មណ៍របស់បង។ ការចងចាំទាំងអស់នោះហាក់ដូចជានៅថ្មីៗ ប្រៀបនឹងព្រឹត្តិការណ៍ដែលទើបតែកើតឡើងថ្មីៗ។ បងមិនធ្លាប់ជួបការលំបាកនោះទេក្នុងការរំលឹកអនុស្សាវរីយ៍រវាងអូននិងបង។ មិនដល់មួយនាទីផង បងអាចរៀបរាប់ស្សាវរីយ៍ដែលយើងធ្លាប់សាងរួមគ្នាបានយ៉ាងងាយ ដូចជា ទីកន្លែងដែលយើងធ្លាប់កំសាន្ត វិថីដែលយើងធ្លាប់ធ្វើដំណើរឆ្លងកាត់ សន្យាដែលយើងធ្លាប់សច្ចា ខ្សែភាពយន្តដែលយើងធ្លាប់មើល ជាដើម។ បទចម្រៀងដែលអូនចូលចិត្តនៅតែស្ថិតនៅក្នុងជម្រើសបទចម្រៀងពិសេសៗក្នុងទូរសព្ទដៃរបស់បង។ ទោះបីជាបងព្យាយាមលុបចេញពីទូរសព្ទរបស់បងជាច្រើនលើកច្រើនសារ មិនយូរប៉ុន្មាន បងនឹងស្វែងរកបទចម្រៀងនោះមកវិញមិនខាន។ ការស្រណោះចំពោះអូននៅតែមាននៅក្នុងដួងចិត្តបង។

បើទោះបីជា ដប់ឆ្នាំកន្លង នួនល្អងនិងបងបានក្លាយជាជនដទៃ ដែលស្ទើរតែមិនធ្លាប់ប្រាស្រ័យទាក់ទងគ្នា ឬក៏អាចស្រឡាញ់គ្នាឡើងវិញបាន បងនៅតែមានបំណងប្រាថ្នាចង់ក្លាយជាមិត្តម្នាក់របស់អូន។ បងមិនដឹងថា អូនចង់ក្លាយជាមិត្តភកិ្តរបស់បងដែរឬទេ? បងមិនដឹងថា អូននៅតែស្អប់បងឬយ៉ាងណា? អូនអាចស្អប់បង និងឈប់ស្រឡាញ់បង។ តែអូនមិនអាចឃាត់ចិត្តបងឲ្យឈប់ស្រឡាញ់អូន និងនឹកអូនបាននោះទេ។ មិនតែប៉ុណ្ណោះ បងមិនដែលព្យាយាមបំភ្លេចរូបអូននោះទេ ដោយសារតែបងមិនអាចកុហកខ្លួនឯងថា យើងទាំងពីរមិនធ្លាប់មានប្រវត្តិជាមួយគ្នា។ បងមិនអាចបំភ្លៃការពិតថា យើងទាំងពីរមិនធ្លាប់ជាគូសង្សានឹងគ្នា។ បងមិនអាចច្រាលចោលនូវការពិតថា យើងទាំងពីរមិនធ្លាប់ស្រឡាញ់គ្នា។ អ្វីដែលមិនអាចប្រកែកបាន អូនបានក្លាយទៅជាផ្នែកមួយនៃជីវិតរបស់បង ជាអតីតកាលរបស់បង ជាបទពិេសាធន៍របស់បង ជាការស្រឡាញ់របស់បង។ ជាងនេះទៅទៀត ការបង្ហាញខ្លួនរបស់អូនក្នុងឆាកជីវិតបង បានរួមចំណែកក្នុងការកសាងអ្វីទៅដែលជារូបបងក្នុងពេលបច្ចុប្បន្ន។

តើមនុស្សពីរនាក់ដែលធ្លាប់ស្រឡាញ់គ្នាពិតជាមិនអាចក្លាយជាមិត្តភក្តិនឹងគ្នាបានទេឬ បន្ទាប់ពីនិស្ស័យជាគូសង្សាបានរលត់? បងអាចស្មានដឹងថា អូនអាចជួបការលំបាកក្នុងការតម្រង់ចិត្តរបស់អូនឲ្យទទួលស្គាល់បងជាមិត្តភក្តិ ដោយសារតែបងធ្លាប់ជាអតីតមិត្រប្រុសរបស់អូន។

តើក្នុងមួយឆាកជីវិតមនុស្សម្នាក់ៗមានដប់ឆ្នាំប៉ុន្មានដង?

No comments:

Post a Comment