ថ្ងៃទី១៤ ខែមេសា,
ម៉ោង១០ និង៣១នាទីព្រឹក
ស៊ីណាៈ តើខ្ញុំអាចសុំរាប់អានអ្នកបានដែរឬទេ?
ម៉ោង១១ និង០១នាទីព្រឹក
ស៊ីណាៈ រឿងរ៉ាវដែលសរសេរនៅក្នុងប្លុក
(blog)
របស់អ្នកពិតមានអត្ថន័យ និងបានឆ្លុះបញ្ចាំងអំពីទិដ្ឋភាពមួយ ដែលបានកើតឡើងនៅក្នុងសង្គមយើងបច្ចុប្បន្នណាស់។
ខ្ញុំចូលចិត្តអានប្លុករបស់អ្នក។ ខ្ញុំកាន់តែអាន ខ្ញុំកាន់តែចង់ស្គាល់អ្នក។
ម៉ោង១១ និង៤១នាទីព្រឹក
ស៊ីណាៈ នៅតែមិនឆ្លើយតបនឹងខ្ញុំ?!
ប្រហែលជាអ្នកកំពុងតែសប្បាយរីករាយនឹងពិធីបុណ្យចូលឆ្នាំខែ្មរហើយមើលទៅ!
ម៉ោង១១ និង៥១នាទីព្រឹក
ស៊ីណាៈ សួរស្តីឆ្នាំថ្មី! ជូនពរអ្នកសំណាងល្អ! …
ម៉ោង១១ និង៥៥នាទីព្រឹក
ស៊ីណាៈ កុំភ្លេចឆ្លើយសាររបស់ខ្ញុំផង
នៅពេលដែលអ្នកបានឃើញ។ ខ្ញុំកំពុងរង់ចាំ។
មិនដឹងជាមូលហេតុអ្វីបានជាអារម្មណ៍របស់ខ្ញុំវិលវល់បែបនេះទេ?!
តើមានឬទ្ធិអំណាចអ្វីបានជាសម្តីនៅក្នុងប្លុករបស់អ្នកអាចឆក់យកស្មារតីរបស់ខ្ញុំឲ្យឈ្លក់វង្វេងដូចេ្នះទេ?!
ខ្ញុំហាក់ដូចជាមិនយល់ខ្លួនឯងសោះ។ …
ម៉ោង១២ និង០១នាទីថ្ងៃត្រង់
សុធាៈ សួស្តី!
សុំទោសដែលខ្ញុំមិនបានមើលសាររបស់អ្នកដែលផ្ញើមកខ្ញុំ។ ខ្ញុំមាន
រឿងបន្តិចបន្តួចត្រូវដោះស្រាយ។ …
អរគុណដែលចូលចិត្តប្លុករបស់ខ្ញុំ។
អ្នកជាមនុស្សទីមួយហើយដែលទាក់ទងមកខ្ញុំ។
ខ្ញុំស្មានតែគ្មាននរណាម្នាក់ចូលចិត្តអានប្លុករបស់ខ្ញុំទេ។
…
ប្រហែលជាអ្នកកំពុងរវល់នឹងពិធីបុណ្យចូលឆ្នាំថ្មីហើយ!
ជូនពរសំណាងល្អ!
កុំភ្លេចញាំបាយថ្ងៃត្រង់!
ម៉ោង១២ និង០៥នាទីថ្ងៃត្រង់
ស៊ីណាៈ ខ្ញុំមកវិញហើយ!
តើអ្នកនៅអនឡាញ(online)ទេ?...
អត់ឆ្លើយ…
ទើបតែញាំបាយរួច។
ចុះអ្នកវិញ?