Saturday, January 16, 2016

២៤​ ម៉ោង




















ថ្ងៃទី១៤ ខែមេសា,
ម៉ោង១០ និង៣១នាទីព្រឹក
ស៊ីណាៈ   តើខ្ញុំអាចសុំរាប់អានអ្នកបានដែរឬទេ?

ម៉ោង១១ និង០១នាទីព្រឹក

ស៊ីណាៈ   រឿងរ៉ាវដែលសរសេរនៅក្នុងប្លុក (blog)
​ របស់អ្នកពិតមានអត្ថន័យ និងបានឆ្លុះបញ្ចាំងអំពីទិដ្ឋភាពមួយ ដែលបានកើតឡើងនៅក្នុងសង្គមយើងបច្ចុប្បន្នណាស់។ ខ្ញុំចូលចិត្តអានប្លុករបស់អ្នក។ ខ្ញុំកាន់តែអាន ខ្ញុំកាន់តែចង់ស្គាល់អ្នក។

ម៉ោង១១ និង៤១នាទីព្រឹក
ស៊ីណាៈ   នៅតែមិនឆ្លើយតបនឹងខ្ញុំ?! ប្រហែលជាអ្នកកំពុងតែសប្បាយរីករាយនឹងពិធីបុណ្យចូលឆ្នាំខែ្មរហើយមើលទៅ!

ម៉ោង១១ និង៥១នាទីព្រឹក
ស៊ីណាៈ សួរស្តីឆ្នាំថ្មី! ជូនពរអ្នកសំណាងល្អ!

ម៉ោង១១ និង៥៥នាទីព្រឹក
ស៊ីណាៈ   កុំភ្លេចឆ្លើយសាររបស់ខ្ញុំផង នៅពេលដែលអ្នកបានឃើញ។ ខ្ញុំកំពុងរង់ចាំ។ មិនដឹងជាមូលហេតុអ្វីបានជាអារម្មណ៍របស់ខ្ញុំវិលវល់បែបនេះទេ?! តើមានឬទ្ធិអំណាចអ្វីបានជាសម្តីនៅក្នុងប្លុករបស់អ្នកអាចឆក់យកស្មារតីរបស់ខ្ញុំឲ្យឈ្លក់វង្វេងដូចេ្នះទេ?! ខ្ញុំហាក់ដូចជាមិនយល់ខ្លួនឯងសោះ។​

ម៉ោង១២ និង០១នាទីថ្ងៃត្រង់
សុធាៈ    សួស្តី! សុំទោសដែលខ្ញុំមិនបានមើលសាររបស់អ្នកដែលផ្ញើមកខ្ញុំ។ ខ្ញុំមាន រឿងបន្តិចបន្តួចត្រូវដោះស្រាយ។
      អរគុណដែលចូលចិត្តប្លុករបស់ខ្ញុំ។
      អ្នកជាមនុស្សទីមួយហើយដែលទាក់ទងមកខ្ញុំ។ ខ្ញុំស្មានតែគ្មាននរណាម្នាក់ចូលចិត្តអានប្លុករបស់ខ្ញុំទេ។
     
      ប្រហែលជាអ្នកកំពុងរវល់នឹងពិធីបុណ្យចូលឆ្នាំថ្មីហើយ!
      ជូនពរសំណាងល្អ! កុំភ្លេចញាំបាយថ្ងៃត្រង់!

ម៉ោង១២ និង០៥នាទីថ្ងៃត្រង់
ស៊ីណាៈ   ខ្ញុំមកវិញហើយ!
      តើអ្នកនៅអនឡាញ(online)ទេ?...
      អត់ឆ្លើយ
      ទើបតែញាំបាយរួច។ ចុះអ្នកវិញ?


ម៉ោង១២ និង០៦នាទីថ្ងៃត្រង់
សុធាៈ    រួចហើយ។
ស៊ីណាៈ   សួរស្តី!
សុធាៈ    បាទ! សួរស្តី។ សុខសប្បាយជាទេ?
ស៊ីណាៈ   សុខទុក្ខធម្មតា។ ចុះអ្នកវិញ?
សុធាៈ    សុខនិងទុក្ខដើរទន្ទឹមគ្នា។
ស៊ីណាៈ   លេងពាក្យម្ល៉េះ!
សុធាៈ    អត់មានទេ។ និយាយធម្មតា។
ស៊ីណាៈ   បើវាមែន!
សុធាៈ    OK. អរគុណដែលបានតាមដានប្លុករបស់ខ្ញុំ។
ស៊ីណាៈ   មិនបាច់គួរសមទេ។ ខ្ញុំគួរតែអរគុណអ្នកវិញទេ ដែលសរសេររឿងនៅលើអនឡាញ ហើយឲ្យគេមើលហ្រ្វីៗ(free)នោះ។ 
សុធាៈ    ខ្ញុំឈ្មោះ សុធា។ ចុះអ្នកវិញ?
ស៊ីណាៈ   ស៊ីណា។
សុធាៈ    រីករាយដែលបានស្គាល់អ្នក។
ស៊ីណាៈ   ដូចគ្នា។
សុធាៈ    អ្នកមិនទៅលេងកម្សាន្តទីណាទេឬក្នុងឳកាសបុណ្យចូលឆ្នាំថ្មីនេះ?
ស៊ីណាៈ   អត់ទេ។ មនុស្សច្រើនពេក។
សុធាៈ    OK.
ស៊ីណាៈ   Mr. OK.
សុធាៈ    ទេ។ អូខេមិនល្អទេ។ កុំហៅចឹង។
ស៊ីណាៈ   ហេតុអី?
សុធាៈ    ខ្មាសគេ។
ស៊ីណាៈ   ហេតុអីខ្មាសគេ។
សុធាៈ    អូខេស្នេហ៍សុខសាន្ត
ស៊ីណាៈ   អូ! យល់ហើយ
      ហាហាហា 
សុធាៈ    សើចចំអកឲ្យខ្ញុំទៀត!
ស៊ីណាៈ   អត់ទេ។ គិតទៅកវីពូកែនឹករឿងមកនិយាយណាស់! 
សុធាៈ    អត់ទេ។ ដោយមនុស្សទេ។ ពេលខ្លះមិនប្រាកដថា អាចនិយាយត្រូវគ្នាគ្រប់ជំពូកមនុស្សទេ។
ស៊ីណាៈ   យល់ហើយ។
សុធាៈ    ស្មាលនេះកំពុងតែធ្វើអ្វី?
ស៊ីណាៈ   កំពុងតែឆ្លើយឆ្លងសារហ្នឹងណា៎
សុធាៈ    អូ! ស្មានតែធ្វើអ្វីផ្សេង។
ស៊ីណាៈ   ចុះអ្នកវិញ?
សុធាៈ    កំពុងតែឆ្លើយតបសារគេដែរហ្នឹង និងកំពុងស្តាប់ភ្លេង។
ស៊ីណាៈ   សាររបស់នរណា?
សុធាៈ    ដឹងហើយធ្វើមិនដឹង
ស៊ីណាៈ   អ្នកចូលចិត្តស្តាប់ភ្លេងឬ?
សុធាៈ    បាទ! ខ្ញុំចូលចិត្ត។
ស៊ីណាៈ   ខ្ញុំក៏ចូលចិត្តដែរ។ ភ្លេងប្រភេទណា?
សុធាៈ    ភ្លេងបែបមនោសញ្ចេតនា។
ស៊ីណាៈ   ដូចគ្នា។
សុធាៈ    តែខ្ញុំស្តាប់តែភ្លេងទេ។ អត់មានគេច្រៀងទេ។
ស៊ីណាៈ   ហេតុអី?
សុធាៈ    ភ្លេងធ្វើឲ្យខ្ញុំមានអារម្មណ៍ស្ងប់ ព្រមទាំងអាចឲ្យខ្ញុំផ្ចង់ការគិតបានល្អ។
ស៊ីណាៈ   រូមេនទិក(romantic)ណាស់ន៎!
សុធាៈ    អត់ទេ។ និយាយតាមពិតទេតើ!
ស៊ីណាៈ   ខ្ញុំអាចសួរអ្នកបានទេ? តើអ្នកមានរឿងអ្វីមុននេះបន្តិច?
សុធាៈ    អាចសួរអី! អ្នកសួរខ្ញុំហើយហ្នឹង!
ស៊ីណាៈ   អូ!
សុធាៈ    តែមិនអីទេ!
ស៊ីណាៈ   ឆ្លើយមកបើមិនអី!
សុធាៈ    ខ្ញុំកំពុងខូចចិត្ត ហើយមុននេះបន្តិច ខ្ញុំកំពុងសរសេររឿងថ្មីដើម្បីផុស(post)នៅក្នុងប្លុករបស់ខ្ញុំ។
ស៊ីណាៈ   អូ! តើផុសហើយឬនៅ?
សុធាៈ    មិនទាន់ទេ។ កំពុងតែចង់ផុស ស្រាប់តែឃើញសាររបស់មនុស្សមួយចំនួន ខ្ញុំក៏សម្រេចចិត្តឆ្លើយសិនទៅ ខ្លាចគេរង់ចាំយូរ ហើយលួចជេរខ្ញុំ
ស៊ីណាៈ   មែនហ្នឹង! កំពុងលួចជេរក្នុងចិត្ត ហើយបន់ឲ្យឈឺពោះទៀត
សុធាៈ    សាហាវម្ល៉េះ!
ស៊ីណាៈ   និយាយលេងទេ Mr. OK.
សុធាៈ    ស្នេហ៍សុខសាន្ត។
ស៊ីណាៈ   ហាហាហា
      ខ្ញុំសុំទោសដែលជជីករឿងផ្ទាល់ខ្លួន។
សុធាៈ    មិនអីទេ!
ស៊ីណាៈ   តើខ្ញុំអាចសុំអានរឿងដែលអ្នកបម្រុងនឹងផុសបានដែរឬទេ?
សុធាៈ    បានតើ!

សុធាកំពុងផ្ញើឯកសារមួយ
ស៊ីណាទទួល


សុធាៈ    បានទទួលហើយឬនៅ?
ស៊ីណាៈ   បានហើយ។ អរគុណ។ សុំអានសិន
សុធាៈ    កុំអានយូរពេកប្រយ័ត្នខ្ញុំគេងលក់។

ម៉ោង២ និង២៦នាទីរសៀល
ស៊ីណាៈ   :’( 
សុធាៈ    ម៉េចចឹង?!
ស៊ីណាៈ   កម្សត់ណាស់!
សុធាៈ    Ok.
ស៊ីណាៈ   Mr. Ok!
សុធាៈ    អរគុណ!
ស៊ីណាៈ   ខ្ញុំច្រណែននឹងនារីម្នាក់នោះណាស់! នាងមិនដឹងខ្លួនទេថាមានបុរសម្នាក់ស្រឡាញ់នាងដល់ថ្នាក់ហ្នឹង។ តើមានបុរសដូចក្នុងរឿងហ្នឹងដែរឬទេនៅក្នុងពិភពពិត?
សុធាៈ    ប្រាកដជាមាន! គ្រាន់តែអ្នកមិនទាន់បានជួប។
ស៊ីណាៈ   ហ៊ឹម
សុធាៈ    ហេតុអី?
ស៊ីណាៈ   កំពុងដកដង្ហើមធំ។
សុធាៈ    ហេតុអី?
ស៊ីណាៈ   ពិបាកចិត្ត។ មិនដឹងពេលណាបានជួបបុរសម្នាក់នោះហ្នឹងណា។
សុធាៈ    តើអ្នកជឿលើនិស្ស័យដែរឬទេ?
ស៊ីណាៈ   ខ្ញុំមិនដឹងទេ។
សុធាៈ    ជួនកាល មនុស្សពីរនាក់ដែលត្រូវបានចារថាជាគូនឹងគ្នា ទំរាំតែបានជួបគ្នា អ្នកទាំងពីរនោះបានហែលឆ្លងឧបសគ្គជាច្រើនមុននឹងបានជួបគ្នា។
ស៊ីណាៈ   ខ្ញុំមិនសូវយល់ទេ។ សម្តីអ្នកហាក់ដូចជាបង្កប់ន័យជ្រៅជាងស្រាផែនដីដែលគេផ្សាយតាមទូរទស្សន៍ទៅទៀត!
សុធាៈ    យ៉ាប់!
ស៊ីណាៈ   និយាយលេងទេ!
សុធាៈ    កំពុងតែស៊ីអារម្មណ៍ផង!
ស៊ីណាៈ   ចេះស៊ីអារម្មណ៍ទៀត។
សុធាៈ    ចេះតើ! ស៊ីដាច់ទៀត។
ស៊ីណាៈ   អូ! ភ្លេចថាគេជាកវីនិពន្ធ!
សុធាៈ    យ៉ាប់!
ស៊ីណាៈ   ត្រឡប់ទៅវិញ។ តើអ្នកចង់បានន័យដូចម្តេចមុននេះ «មនុស្សពីរនាក់»?
សុធាៈ    OK.
ស៊ីណាៈ   Mr. OK! 
សុធាៈ    J
      មុននឹងឆ្លើយខ្ញុំសុំសួរស៊ីណារឿងមួយ តែកុំខឹងណា៎!
ស៊ីណាៈ   មិនអីទេ។
សុធាៈ    តើស៊ីណាធ្លាប់មានស្នេហាដែរឬទេ?
ស៊ីណាៈ   ចេះអូសក្រឡាទៀត!
សុធាៈ    គ្រាន់តែចង់ដឹង!
ស៊ីណាៈ   ធ្លាប់។
សុធាៈ    ចុះបច្ចុប្បន្ន?
ស៊ីណាៈ   អត់មានទៀតទេ។ ខ្ញុំមិនល្អ! គេទាត់ខ្ញុំចោលហើយ!
សុធាៈ    គ្មាននរណាម្នាក់ល្អគ្រប់ដប់ទេ។ កុំនិយាយបែបនេះ ខ្ញុំពិបាកចិត្ត។
ស៊ីណាៈ   ស៊ីអារម្មណ៍ទៀតហើយ!
សុធាៈ    ស៊ីជិតអស់ហើយ។

ម៉ោង៤ និង៤៦នាទីរសៀល
សុធាៈ    ទៅណាបាត់ហើយ?...

ម៉ោង៥ និង០៦នាទីល្ងាច
សុធាៈ    សួរស្តី?...

ម៉ោង៥ និង១៧នាទីល្ងាច
ស៊ីណាៈ   មកវិញហើយ!...
      ទៅណាបាត់ហើយ?...
      សុំទោស! មុននេះអ៊ីនធឺណេត (Internet) ដាច់
វាជានិស្ស័យមែនឬ?...

ម៉ោង៦ និង០៧នាទីល្ងាច
សុធាៈ    មែន
      ខ្ញុំមកវិញហើយ!
      ស៊ីណានៅអនឡាញទេ?
      ប្រហែលជាទៅញាំបាយល្ងាចបាត់ហើយ!

សុធាកំពុងផ្ញើរូបថតមួយសន្លឹក

ម៉ោង៦ និង៤៧នាទីល្ងាច
ស៊ីណាទទួលរូបថត

ស៊ីណាៈ   រូបថតអ្នកមែនទេ?

ម៉ោង៦ និង៥៧នាទីល្ងាច

ស៊ីណាៈ  សួរស្តី!
ប្រហែលជាទៅញាំបាយដែរហើយមើលទៅ!

ម៉ោង៧ និង២៧នាទីល្ងាច
សុធាៈ    ខ្ញុំត្រឡប់មកវិញហើយ។ សុំទោសដែលទុកឲ្យស៊ីណារង់ចាំ។
ស៊ីណាៈ   អូ! ត្រឡប់មកវិញហើយ! ស្មានតែអារម្មណ៍ត្រូវបានគេស៊ីអស់ហើយ!
សុធាៈ    អត់ទេ។
ស៊ីណាៈ   J
សុធាៈ    ញាំបាយហើយឬនៅ?
ស៊ីណាៈ   រួចហើយ។
​ ចុះសុធា?!
សុធាៈ    រួចហើយ។
ស៊ីណាៈ   អរគុណដែលផ្ញើរូបថតមកឲ្យខ្ញុំ។ តែផ្ញើមកធ្វើអី?
សុធាៈ    ចប់!
      ផ្ញើទៅលេង។
ស៊ីណាៈ   និយាយលេងទេ។ សុធានៅមិនទាន់បានពន្យល់ខ្ញុំអំពីអ្វីដែលសុធាបាននិយាយកាលពីថ្ងៃរសៀលទេ
សុធាៈ    រឿងអី?
ស៊ីណាៈ   «មនុស្សពីរនាក់»
សុធាៈ    ចាំទៀត!​ ចង់ដឹងរឿងគេណាស់ន៎!
ស៊ីណាៈ   L
សុធាៈ    និយាយលេងទេ។ កុំធ្វើមុខក្រញ៉ូវ។ មិនស្អាតទេ។
ស៊ីណាៈ   J
សុធាៈ    លើកឧទាហរណ៍វិញប្រហែលជាងាយស្រួលយល់ជាងនេះ។
ស៊ីណាៈ   OK.
សុធាៈ    ហា៎! ក្លាយជា Miss. Ok តាំងពីពេលណា ម៉េចក៏ខ្ញុំមិនដឹង?!
ស៊ីណាៈ   យ៉ាប់!
សុធាៈ    យ៉ាប់មានន័យថាយ៉ាងម៉េច?
ស៊ីណាៈ   យ៉ាប់មានន័យថា ខូល (cool)
សុធាៈ    ថាម៉េច? យ៉ាប់មានន័យថា «រងា»?
ស៊ីណាៈ   យ៉ាប់!
សុធាៈ    យ៉ាប់ម្តងនេះ ជាន័យធៀប ឬន័យចំ?
ស៊ីណាៈ   ន័យចំ!
សុធាៈ    ហ៊ឹម
ស៊ីណាៈ   ពន្យល់មក។ កុំអូសក្រឡាយូរពេក។ កំពុងតែចង់ស្តាប់ផង។
សុធាៈ    ថាឲ្យគេទៀត!
ស៊ីណាៈ   ចេះស៊ីជោរទៀត!
សុធាៈ    យ៉ាប់!
ស៊ីណាៈ   មានន័យថាម៉េច?
សុធាៈ    ខូលហ្នឹងណា៎!
ស៊ីណាៈ   ពន្យល់មក។
សុធាៈ    ខ្ញុំចង់និយាយថា «ជួនកាលមនុស្សពីរនាក់ដែលមាននិស្ស័យនឹងគ្នា ទំរាំតែបានជួបគ្នាជាគូគ្រង អ្នកទាំងពីរនោះបានហែលឆ្លងនឹងរឿងរ៉ាវជាច្រើនមុននឹងបានជួបគ្នា។ សឹងតែដើរជ្រួសគ្នាកន្លះផែនដីទៅហើយ ទើបមកជួបគ្នា ដោយចែដន្យបែបនេះ។ ឧទាហរណ៍ ដូចជា ស៊ីណា និងខ្ញុំ​។ យើងទាំងពីរ សុទ្ធតែធ្លាប់ជួបប្រទះនូវបរាជ័យក្នុងរឿងស្នេហា ទំរាំនឹងបានដឹងពីអ្វីទៅ ដែលហៅថាស្នេហា។ ទំរាំនឹងចេះថែរក្សាទំនាក់ទំនង។ ទំរាំនឹងរកគ្នាឃ»
ស៊ីណាៈ   ឈប់សិន! ឧទាហរណ៍ពីអ្វីហ្នឹ? 
សុធាៈ    នៅតែមិនយល់ទៀតមែនទេ?!
ស៊ីណាៈ   ហា៎!
សុធាៈ    កុំលាក់អារម្មណ៍ខ្លួន​ឯងអី។
ស៊ីណាៈ   ខ្ញុំអត់មានលាក់អីទេ។
សុធាៈ    ស៊ីណា! ជឿលើនិស្ស័យទេ?

ម៉ោង៩ និង៣៨នាទីយប់
សុធាៈ    ទៅណាបាត់ទៀតហើយ!...
              ម៉េចក៏មិនឆ្លើយនឹងខ្ញុំ?...
      ប្រហែលជាអ៊ីនធឺណេតហ្នឹងដាច់ទៀតហើយ!
      រាត្រីសួរស្តី!

ម៉ោង១០ និង០៦នាទីយប់
ស៊ីណាៈ   សួរស្តី!...
      សុធានៅអនឡាញទេ?

ម៉ោង១០ និង៣៤នាទីយប់
ស៊ីណាៈ   ប្រហែលជាចូលគេងបាត់ហើយ។
      ខ្ញុំជឿលើនិស្ស័យ

ម៉ោង១១ និង០៥នាទីយប់
សុធាៈ    ខ្ញុំមិនទាន់គេងទេ។
      ស៊ីណាគេងឬនៅ?

ម៉ោង១១ និង២៥នាទីយប់
សុធាៈ    ប្រហែលជាស៊ីណាគេងលក់បាត់ហើយ។
      ខ្ញុំចង់ប្រាប់ស៊ីណាថា មនុស្សពីរនាក់ដែលជាអ្នកដទៃនឹងគ្នា ស្រាប់តែមកស្គាល់គ្នា មិនមែនជារឿងចៃដន្យទេ។ បើមិនមែននិស្ស័យប្រហែលជាអ្នកទាំងពីរនោះដើរជ្រួសផ្លូវគ្នារហូត ប្រៀបបាននឹងព្រះច័ន្ទ និងព្រះអាទិត្យ ដែលវិលវល់ជុំវិញផែនដី គ្មានថ្ងៃជួបគ្នា។

ម៉ោង១១ និង៥៥នាទីយប់
សុធាៈ    តើស៊ីណាមានអារម្មណ៍ដូចខ្ញុំកំពុងមានអារម្មណ៍ដែរឬទេ?

ថ្ងៃទី១៥ ខែមេសា,
ម៉ោង០០ និង០៦នាទីកណ្តាលអាធ្រាត្រ
ស៊ីណាៈ   ខ្ញុំយល់។ មនុស្សល្ងង់។ បើខ្ញុំមិនយល់ ខ្ញុំក៏មិនចំណាយពេលជជែកលេងជាមួយសុធា ឯងដែរ។
      គេងហើយឬនៅ?

ម៉ោង០០ និង១៦នាទីកណ្តាលអាធ្រាត្រ
ស៊ីណាៈ   ប្រហែលជាគេងលក់មែនទែនហើយ!
      សុបិន្តល្អណា៎

ម៉ោង០០ និង១៦នាទីកណ្តាលអាធ្រាត្រ
សុធាៈ    ហ៊ឹម! ហេតុអ្វីក៏ជ្រួសគ្នារហូត!
      តើស៊ីណាជឿទេថា «ក្នុងពេល២៤ម៉ោង មនុស្សពីរនាក់អាចក្លាយជាគូកំណាន់​នឹងគ្នា?»
     
     
     នៅសល់ ១០ម៉ោង និង១៥នាទីទៀត​ យើងនឹងស្គាល់គ្នាបាន ២៤ម៉ោង។ នៅក្នុងរយៈពេល ២៤ម៉ោង រឿងរ៉ាវជាច្រើនអាចកើតឡើង។ គូស្វាមីភរិយាជាច្រើនអាចកំពុងរៀបអាពាហិ៍ពិពាហិ៍នឹងគ្នាជុំវិញពិភពលោក។ ទារកជា ច្រើនអាចនឹងចាប់កំណើត។ ចាស់ជរាជាច្រើនអាចនឹងលាចាកឋានទៅ។ ផែនដីនៅតែបន្តវិលជុំវិញព្រះអាទិត្យ។ ពេលវេលានៅតែបន្តដើរទៅមុខ។
     


      ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចស្គាល់ស៊ីណាច្រើនជាងនេះ ច្រើនជាង២៤ម៉ោង ច្រើនជាង២៤ឆ្នាំ។

No comments:

Post a Comment